ការរួមចំណែកពីស្វាមីចំពោះកិច្ចការផ្ទះ ពិតជាមានសារៈសំខាន់សម្រាប់ស្ត្រី
កាលពីសម័យមុន ស្ត្រីខ្មែរមានតួនាទីចម្បងជាអ្នកថែទាំផ្ទះសម្បែង និងកូនចៅព្រមទាំងទុក្ខធុរៈក្នុងគ្រួសារទាំងមូល ហើយបុរសមានភារៈទទួលខុសត្រូវលើលើការងារធំៗ។ ប៉ុន្តែសម័យនេះ ការរួមចំណែកពីស្វាមីចំពោះកិច្ចការផ្ទះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ស្ត្រីជាម្ដាយដែលចេញរកចំណូលជួយផ្គត់ផ្គង់គ្រួសារ។ ជាអាជីវករលក់ដូរនៅក្នុងផ្សារមួយរូប អ្នកនាង ដុង ពៅ មានវ័យ ២៩ឆ្នាំ បច្ចុប្បន្នអ្នកនាងមានកូនប្រុស ២នាក់នៅក្នុងបន្ទុកបានឲ្យឲ្យដឹងថា «ខ្ញុំពិតជាសប្បាយចិត្ដខ្លាំងណាស់ចំពោះទង្វើរបស់ស្វាមីខ្ញុំ រាល់ថ្ងៃនៅពេលខ្ញុំចេញមកផ្សារលក់ដូរហើយ បានគាត់ចាំជួយមើលថែ និងបញ្ចុកបាយទឹក និងជួនកូនៗទៅសាលា ខណៈគាត់ទំនេរ មិនទាន់ដល់ម៉ោងទៅធ្វើការ»។
អ្នកនាង ដុង ពៅ បានបន្តថា «ហើយនៅថ្ងៃសម្រាកពីការងារគាត់តែងតែជួយធ្វើកិច្ចការផ្ទះ ដោយគាត់មិនបានគិតថា ការងារផ្ទះជាការងារមនុស្សស្រី ឫ មនុស្សប្រុសនោះទេ ។ នេះបើសិនជាស្វាមីរបស់ខ្ញុំគាត់មិនខ្វល់ខ្វាយចំពោះកិច្ចការផ្ទះ នេះទេ គ្រួសាររបស់ខ្ញុំប្រហែលជាជួបការលំបាក ពីព្រោះពុំមានអ្នកណាមើលថែកូន និងជួយសម្រាលកិច្ចការផ្ទះ»។
ជាស្ត្រីមួយរូបរវល់ច្រើនក្នុងការលក់ដូរ អ្នកនាង ដុង ពៅ បានសំណូមពរទៅបុរសជាប្ដីទាំងឡាយ មិនគួរគិតថា ការងារនៅផ្ទះ គឺជាកិច្ចការរបស់ស្ត្រីតែម្នាក់នោះទេ។ អ្នកនាង បានបន្ថែមថា ដើម្បីអាចទទួលបាននូវសុភមង្គលក្នុងគ្រួសារ ស្វាមីទាំងឡាយ ត្រូវតែយល់ពីការលំបាករបស់ស្ត្រី និងជួយសម្រាលការងាររបស់ភរិយាខ្លួន តាមដែលអាចធ្វើទៅបាន ។
ក្នុងនាមជាឪពុកម្នាក់ លោក ញ៉ែម សុផារិទ្ធ អាយុ ៣៨ឆ្នាំ ជាមន្ត្រីបម្រើការងារនៅក្នុងក្រសួងព័ត៌មាន ដែលត្រូវជាស្វាមីរបស់អ្នកនាង ដុង ពៅ បានឲ្យដឹងថា «ការមើលថែកូនជំនួសភរិយាគឺជាកាតព្វកិច្ចដែលឪពុកគ្រប់រូបគួរតែ បំពេញហើយ ចូលកុំគិតថា វាជាកិច្ចការគួរឲ្យអាប់ឱន។ ផ្ទុយទៅវិញការមើលថែទាំកូន និងជួយកិច្ចការផ្ទះ វាជាការជួយសម្រាលបន្ទុកការងារការងាររបស់ប្រពន្ធទៅវិញនោះទេ»។
ការរួមចំណែកពីស្វាមីចំពោះកិច្ចការផ្ទះពិតជាមានសារៈសំខាន់ ណាស់សម្រាប់ស្ត្រីជាម្ដាយដែលចេញធ្វើការងារ និងប្រកបជំនួញដូចបុរសក្នុងការរកចំណូលជួយផ្គត់ផ្គង់គ្រួសារ។ ដូច្នេះការជួយថែទាំផ្ទះសម្បែង និងកូនចៅបានក្លាយទៅជាបន្ទុករួមរបស់របស់ស្វាមីនិងភរិយា ហើយស្ដ្រីពិតជាចង់ឲ្យបុរសជួយសម្រាលបន្ទុកកិច្ចការរាប់រាយជំពូក របស់ខ្លួន ខណៈដែលបុរសៗមានទស្សនៈខុសៗគ្នាចំពោះបញ្ហានេះ៕
0 comments:
Post a Comment