សប្បាយបីយ៉ាង៖ (១)
សប្បាយផលិតទៅតាមចំណូលចិត្ត (២) សប្បាយលក់
គឺអ្នកលក់ផលិតផលរបស់ក្រុមហ៊ុនហុងដា
សប្បាយនឹងលក់ផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃទាប។
ពួកបានបានចំណេញពួកគេសប្បាយនឹងលក់ (៣) សប្បាយទិញ
គឺអ្នកប្រើប្រាស់ ទិញបានផលិតផលល្អ តម្លៃសបស្រប
ទិញប្រើហើយមិនខុសបំណង។
គំនិត មានតម្លៃជាងមូលធន ៖ សម័យកាល
កាន់តែរីកលូតលាស់ គំនិតកាន់តែមានតម្លៃជាងមូលធន។ គំនិត
ធ្វើឲ្យមុខរបររកស៊ីកាន់តែរីកចម្រើន។
មូលធនមិនអាចស្ថិតស្ថិរបានទេបើគ្មានគំនិត។ សម័យកាលថ្មី
គំនិតជាអ្នកជំនួសមូលធន។
គំនិតប្លែកពីគេ៖ រូបដែល ពីកាសូ និង ម៉ាទីស គូរ
គេឃើញមានគ្រាប់ភ្នែកនៅតែមុខមួយចំហៀងក៏មាន
រូបខ្លះមានដើមឈើជាប់ជើងស្ត្រីក៏មាន ដែលយើងធម្មតាមើលទៅមិនយល់។
គំនូរទាំងនោះ មានលក្ខណៈប្លែកខុសពីគេឯង
ដោយប្រើនូវមនោរម្មណ៍ខុសប្លែកពីមនុស្សធម្មតា។
គំនូរទូទៅដែលសិស្សរៀនគូរនៅសាលា
គ្រាន់តែគូត្រាប់តាមរបស់ដែលមានស្រាប់តែប៉ុណ្ណោះ
ពោលគឺជារបស់នៃអតីតកាល គ្មានអ្វីថ្មី គ្មានអ្វីប្លែក។ បច្ចេកទេស
ឬវិស្វកម្ម ក៏ដូចគ្នាដែរ បើគ្មានអ្វីប្លែកទេ
តម្លៃរបស់វាក៏ទាបដែរ។
បើយើងគិតតែពីអ្វីដែលជាបទពិសោធន៍អតីតកាល
យើងមិនអាចបង្កើតវត្ថុថ្មី ឬគំនិតច្នៃប្រឌិតបានឡើយ។
ក្មេងរប៉ិលរប៉ូច៖ មនុស្សចាស់ច្រើន
តែចង់បាន យុវជនស្រគត់ស្រគំ មិនលេងសើច ចេះស្តាប់គេឯង។
បើខុសពីលក្ខណៈនេះ គេហៅថា រប៉ិលរប៉ូច ហើយសង្គមមិនសូវទទួលស្គាល់។
នេះស្តែងឲ្យឃើញថាសង្គមមនុស្ស មានលក្ខណៈអភិរក្សណាស់ ។
បើបន្តដូច្នេះទៀត ប្រទេសជាតិច្បាស់ជាលែងលូតលាស់ទៅមុខ
ព្រោះនៅជុំវិញសុទ្ធតែមនុស្សកំសាក មិនហ៊ានធ្វើ ខ្លាចខុសនេះ
ខុសនោះ ហើយយុវជននឹងលែងមានថាមពល។
យុវជនគួរខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានបទពិសោធន៍ច្រើនដើម្បី
ពង្រីកគំនិតខ្លួន ស្វែងរកអ្វីដែលថ្មី ធ្វើអ្វីៗប្លែកពីគេ
ជាជាងធ្វើតាមតែគំនិតមនុស្សចាស់ ឬខ្លាចខុសពីគំនិតមនុស្សចាស់។
ធ្វើការសម្រាប់ខ្លួនឯង៖ មិនត្រូវធ្វើការ
សម្រាប់ក្រុមហ៊ុនទេ គឺត្រូវធ្វើការសម្រាប់ខ្លូនឯង។
ត្រូវដៅរួចជាស្រេចថាមកធ្វើការនៅក្រុមហ៊ុននេះ
ខ្លួនឯងមានបំណងចង់បានអ្វី ឬចង់សម្រេចអ្វី។
ខំប្រឹងធ្វើការដើម្បីខ្លួនឯង សប្បាយចិត្តនឹងការងារ
ក្រុមហ៊ុនក៏ទទួលបានលទ្ធផលល្អទៅតាមហ្នឹងដែរ។
ទំនាក់ទំនងមនុស្ស សំខាន់ណាស់ ៖
កាលពីដើមគេបង្រៀនថា កូនណាពូកែចងចាំ កូននោះពូកែណាស់
កូនណាដែលមិនចងចាំទេ កូននោះមិនកើតទេ។ នោះគឺជារឿងពីដើម។
សម័យឥឡូវ បច្ចេកវិទ្យាកុំព្យូទ័រ
អាចជួយចងចាំឲ្យយើងបានទាំងអស់។ ចង់ដឹងរឿងអ្វី
ចុចតែប៊ូតុងមួយ កុំព្យូទ័រប្រាប់យើងបានទាំងអស់។ ដូច្នេះ
គេគួរផ្តោតលើទំនាក់ទំនងជាមួយមនុស្ស។
ការងារណាដែលកុំព្យូទ័រធ្វើបាន ទុកឲ្យវាធ្វើទៅ។
ស្គាល់គេកាន់តែច្រើនកាន់តែល្អ រឿងណាដែលយើងមិនដឹង
យើងទូរសព្ទសួរគេ គេប្រាប់យើងភ្លាម។
ដូច្នេះយើងទទួលបានព័ត៌មានរហ័ស។
ការគ្រប់គ្រងរោងចក្រ៖ (១)គោរពទ្រឹស្តី ចាត់ចែងសមហេតុផលទៅតាមទ្រឹស្តីដ៏ត្រឹមត្រូវ (២) គោរពពេលវេលា (៣) គោរពផលិតភាព
ស្រង់ចេញពីសៀវភៅ ហុងដាសូអ៊ីជីរ៉ូ បម្លែងសុបិនទៅជាថាមពល ប្រវត្តិរូបរបស់ខ្ញុំ បកប្រែដោយ បណ្ឌិត ស្វាយ ឡេង
Wednesday, March 1, 2017
ទស្សនៈជីវិតរបស់ស្ថាបនិកក្រុមហ៊ុនហុងដា
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment