មាគ៌ាឆ្ពោះទៅកាន់ភោគសម្បត្តិ
១. សេចក្តីឧស្សាហ៍ព្យាយាម ជាគ្រឹះនៃការពូនផ្តុំទ្រព្យសម្បត្តិ សេចក្តីខ្ជិលច្រអូស គឺជាសត្រូវបំផ្លាញជីវិតមនុស្ស ប្រៀបបានដូចនឹងច្រេះដែលស៊ីដែកបន្តិចម្តងៗរហូតរលាយគ្មានសល់ ដោយមិនដឹងខ្លួន។ បុគ្គលដែលប្រាថ្នាទ្រព្យសម្បត្តិនិងជោគជ័យក្នុងឆាកជីវិត ត្រូវតែជម្នះឲ្យបាននូវសេចក្តីខ្ជិលច្រអូស ត្បិតសេចក្តីខ្ជិលច្រអូសធ្វើឲ្យកិច្ចការទាំងពួងប្រែជាលំបាក។ ពេលវេលាគ្រប់នាទីសុទ្ធតែមានតម្លៃក្នុងជីវិត ដូច្នេះគេមិនគួរខ្ជះខ្ជាយពេលវេលាចោលដោយឥតប្រយោជន៍ឡើយ។ ពេលវេលាដែលបាត់បង់ទៅហើយមិនអាចរកត្រឡប់មកវិញបានឡើយ។ បុគ្គលដែលឧស្សាហ៍ព្យាយាម បង្កើតឱកាសដល់ខ្លួនឯង បុគ្គលដែលពឹងតែលើព្រេងវាសនា ហាក់ដូចជាធ្វើឲ្យជីវិតរបស់ខ្លួនខ្លីទៅៗ។ លុះត្រាតែគេខិតខំធ្វើ ទើបគេទទួលបានផល។ មិនដែលមានផលដែលកើតឡើងដោយឥតអំពើនោះទេ។ សេចក្តីក្រខ្សត់មិនហ៊ានចូលក្នុងផ្ទះ មនុស្សឧស្សាហ៍ទេ។ សេចក្តីព្យាយាម គឺជាមាត្តានៃសំណាងល្អ។ គេគួរប្រឹងប្រែងធ្វើកិច្ចការឲ្យពេញទំហឹងនៅថ្ងៃនេះ ត្បិតថ្ងៃនេះមានតម្លៃជាងថ្ងៃស្អែក។ កិច្ចការណាដែលអាចបញ្ចប់ក្នុងថ្ងៃនេះបាន ចូរកុំទុកដល់ថ្ងៃស្អែក។
២. ប្រុងប្រយ័ត្ន ព្រម ជាមួយគ្នានឹងសេចក្តីឧស្សាហ៍ព្យាយាម យើងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នមើលថែទាំមុខរបររបស់យើង ដោយភ្នែករបស់យើងផ្ទាល់ កុំទុកចិត្តអ្នកដទៃខ្លាំងពេក។ យើងត្រូវមើលថែទាំ ហាងរបស់យើងឲ្យបានល្អ បន្ទាប់មកហាងរបស់យើងនឹងថែទាំ យើងវិញ។ ភ្នែកទាំងគូរបស់យើង ត្រូវតែរវាសជាងដៃទៅទៀត។ ការប្រគល់ទំនុកចិត្តឲ្យអ្នកដទៃច្រើនពេក នាំឲ្យវិនាសច្រើនប្រការ។ អ្នកបម្រើដែលល្អបំផុតក្នុងលោកនេះ គឺមានតែខ្លួនយើងបម្រើខ្លួនឯង។
៣. សន្សំសំចៃ ដើម្បីឲ្យ សេចក្តីព្យាយាមរបស់យើងទទួលបានជោគជ័យ យើងមិនត្រឹមតែត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះមុខរបររបស់យើងទេ យើងត្រូវតែសន្សំសំចៃបន្ថែមទៀត។ ជនដែលចង់ក្លាយជាអ្នកមាន ត្រូវគិតទាំងការរកប្រាក់ និងការសន្សំប្រាក់។ គេត្រូវយកចិត្តទុកដាក់សន្សំតាំងពីរឿងកំប៉ិចកំប៉ុកឡើង។ សូមកុំភ្លេចថា នាវាធំៗអាចនឹងលិចលង់បានដោយសារតែការលេចធ្លាយរន្ធតូចៗ។ ជនដែលចំណាយប្រាក់ទិញរបស់ដែលមិនចាំបាច់ នឹងត្រូវលក់របស់ចាំបាច់នៅថ្ងៃណាមួយដើម្បីដូរយកប្រាក់ជាក់ជា ពុំខាន។ ប្រសិនបើអ្នកចង់ដឹងថាប្រាក់មានតម្លៃកម្រិតណា ចូរសាកល្បងទៅដើរខ្ចីគេមើលទៅ អ្នកនឹងដឹងមិនខាន។
៤. វិន័យផ្ទាល់ខ្លួន ក្បួនខាងលើទោះបីជាល្អយ៉ាងណាក៏ដោយ ក៏ឥតប្រយោជន៍ដែរ ដរាបណាគ្មានការតាំងចិត្តអនុវត្តន៍តាមពិតប្រាកដ។ គេអាចប្រាប់ផ្លូវឲ្យដើរបាន ប៉ុន្តែយើងខ្លួនឯងជាអ្នកដើរ។








ជំនាញ
សេដ្ឋកិច្ចសិក្សាអំពីតម្រូវការនិងការផ្គត់ផ្គង់
និងនិន្នាកាសេដ្ឋកិច្ចជារួម។ ជំនាញនេះសិក្សាអំពីផលិតកម្ម
និងការបែងចែកផលិតផល
ហើយវិភាគលើធនធានទាំងឡាយដែលចាំបាច់សម្រាប់ផលិតឲ្យចេញជាផលិតផល
ឬសេវាកម្ម។
ជំនាញសេដ្ឋកិច្ចសិក្សាទូលាយទៅលើម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសឬ
តំបន់ទាំងមូល និងមីក្រូសេដ្ឋកិច្ចទៅលើក្រុមហ៊ុននៅលើទីផ្សារ
ហើយវិភាគដោយប្រើប្រាស់គណិតវិទ្យា។
ជាទូទៅនិស្សិតនឹងបានសិក្សាមុខវិជ្ជាសំខាន់មួយចំនួនដូចតទៅ៖
សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ រូបិយបណ្ណនិងធនាគារ ស្ថិតិ
ការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ល។
ជំនាញ
សំណង់ស៊ីវិល ជាជំនាញដ៏ទូលាយមួយសិក្សាទាក់ទិននឹង
ការរៀបចំផែនការ ការរចនា ការសាងសាង់ និងការថែរក្សាជួសជុល ផ្លូវ
អគារ ស្ពាន ទំនប់ទឹក ។ល។ និស្សិតដែលសិក្សាជំនាញសំណង់ស៊ីវិល
នឹងទទួលបានចំណេះបច្ចេកទេស សេដ្ឋកិច្ច ច្បាប់
និងចំណេះដឹងអំពីសម្ភារៈ។ ជំនាញសំណង់ស៊ីវិល
ជាជំនាញមួយដ៏សមស្របក្នុងបរិបទប្រទេសកំពុងអភិវឌ្ឍន៍ដែលទាមទារ
នូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងអគារលំនៅដ្ឋាន។
មុខវិជ្ជាសំខាន់ៗដែលត្រូវសិក្សារួមមាន៖
គំនូសវិស្វកម្មនិងធរណីមាត្រ មេកានិចវិសម្រាប់វិស្វិកម្ម
អគ្គិសនីក្នុងអគារ សម្ភារៈសំណង់ មេកានិចដី ជលវិទ្យា បច្ចេកវិទ្យាសំណង់
ការធ្វើគម្រោងនិងការរៀបចំការងារសាងសង់
ការប៉ាន់ប្រមាណតម្លៃសាងសង់ Auto CAD, Math CAD។ល។
មុខជំនាញ
សង្គមវិជ្ជា សិក្សាអំពីមនុស្សនិងសង្គមមនុស្ស
អំពីកម្លាំងវប្បធម៌និងកម្លាំងសង្គមមកលើចិត្តគំនិតនិងទង្វើរបស់
មនុស្ស។ សង្គមវិជ្ជា
ព្យាយាមស្វែងយល់អំពីកត្តាដែលធ្វើឲ្យសង្គមនិងពិភពលោកប្រែប្រួល
ហើយក៏យកចិត្តទុកដាក់ផងដែរអំពីវិសមភាពសង្គម។
និស្សិតដែលជ្រើសរើសយកជំនាញសង្គមវិជ្ជា
នឹងសិក្សាផ្តោតជាសំខាន់ទៅលើការស្រាវជ្រាវសង្គម
អំពីបុព្វហេតុនានាដែលធ្វើឲ្យចរិតនិងទង្វើរបស់មនុស្សប្រែប្រួល។
មុខវិជ្ជាដែលត្រូវសិក្សារួមមាន ទ្រឹស្តីសង្គមវិជ្ជា
វិធីសាស្ត្រស្រាវជ្រាវ ស្ថិតិ ចិត្តសាស្ត្រសង្គម
និងវិទ្យាសាស្ត្រនយោបាយជាដើម។
មុខជំនាញ
ចិត្តវិទ្យាជាមុខជំនាញដ៏ពេញនិយមមួយនៅបណ្តាប្រទេស
អភិវឌ្ឍន៍និងប្រទេសមហាអំណាចរួមមានសហរដ្ឋអាមេរិចជាដើម។
នៅកម្ពុជា គេហាក់មិនទាន់ចាប់អារម្មណ៍ច្រើននៅឡើយ។
ចិត្តវិទ្យាជាវិទ្យាសាស្ត្រមួយសិក្សាអំពីចិត្តនិងទង្វើរបស់
មនុស្ស។
ដើម្បីចូលរៀនមុខជំនាញនេះបានសិស្សានុស្សិសត្រូវត្រៀមលក្ខណៈ
ចំណេះដឹងមូលដ្ឋានលើមុខវិជ្ជា គណិតវិទ្យានិងជីវិវិទ្យា។
និស្សិតដែលសិក្សាជំនាញចិត្តវិទ្យា
នឹងបានយល់ដឹងអំពីដំណើរអភិវឌ្ឍន៍របស់ចិត្ត
របៀបជំរុញលើកទឹកចិត្តរបៀបប្រើប្រាស់ស្ថិតិ
និងវិធីធ្វើតេស្តសាកល្បងបែបវិទ្យាសាស្ត្រលើទង្វើ
ឬចរិតរបស់មនុស្ស ឬក្រុមមនុស្ស។
ចិត្តវិទ្យាសិក្សាអំពីទំនាក់ទំនងរវាងមនុស្សនិងមនុស្ស
មនុស្សនិងឧបករណ៍នៅកន្លែងដើម្បីបង្កើនប្រសិទ្ធភាពការងារ។



